អត្ថបទវិភាគ៖ សុបិនជាម្ចាស់អាស៊ីរបស់ចិន តាមរយៈយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ច

2296

ជាយុទ្ធសាស្ត្រ​ក្នុងការគូសវាស និងកំណត់យុទ្ធសាស្ត្រព្រនង់ធំ (Grand Strategy) ​នៅក្នុងការប្រកួតប្រជែងក្នុងចំណោមមហាអំណាច​ គេអនុវត្តទាំងភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ (Baracuhy , 2019)។​ ហើយជាពិសេស​ ឧបករណ៍​សេដ្ឋកិច្ចនិងយោធា​មានអត្ថិរភាពរួមគ្នា​ដែលត្រូវបានប្រើប្រាស់ដោយមហាអំណាច​ អាស្រ័យ​លើអ្វីដែលមហាអំណាចទាំងនោះ​ចាត់ទុកថា ជាបញ្ហាជាក់លាក់ដែលពួកគេប្រឈម​ (Scholvin & Wigell, 2019)។​ ហេតុនេះ​ ភូមិសាស្ត្រនយោបាយ​ និងភូមិសាស្ត្រសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងបរិបូរណ៍ (Lacoste, 2006)។ ទោះបីយ៉ាងណា ចិនដែលជាមហាអំណាចកំពុងរះឡើង មិនអាចប្រជែងជាមួយសហរដ្ឋអាមេរិកខាងអំណាចយោធានៅឡើយនោះទេក្នុងអនាគតដ៏ខ្លី និងមធ្យមនោះ។ ក្នុងន័យនេះ​ ចិនបាននិងកំពុងអនុវត្តភូមិសាស្ត្រសេដ្ឋកិច្ចជាអាវុធភូមិសាស្ត្រនយោបាយយ៉ាងមានប្រសិទ្ធិភាពក្នុងគោលបំណងដើម្បីសម្រេចសុបិនរបស់ខ្លួន។

ជាការពិត​ ដើម្បីស្តារតួនាទីជាមហាអំណាចភូមិភាគកណ្តាលឡើងវិញ​ ចិនចាំបាច់ត្រូវធ្វើឱ្យខ្លួនក្លាយជាប្រទេសអ្នកមានជាមួយកម្លាំងយោធាដ៏ខ្លាំងក្លា​ ពីព្រោះ​មហាអំណាចសេដ្ឋកិច្ចនឹងប្រែក្លាយជាមហាអំណាចយោធា។​ ដើម្បីសម្រេចមហិច្ចតានេះ​ ចិនប្រហែលជា​បង្កើតសម្ព័ន្ធមិត្តតំបន់តាមរយៈយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ច​ ដើម្បីទប់ទល់​ និងកាត់បន្ថយឥទ្ធិពលអាមេរិក​ និងធ្វើឱ្យមានសុវត្ថិភាពដល់សន្តិសុខរបស់ខ្លួន​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ និងប៉ាស៊ីហ្វិក។​ គេមិនអាចបដិសេធបានទេថា​ចិនចង់គ្រប់គ្រងសមុទ្រចិនខាងត្បូង​ ដូចដែលអាមេរិកត្រួតត្រាសមុទ្រការ៉ាប៊ីនដែរ។​ ចិនស្ថិតក្រោមការគ្រប់គ្រងរបស់ស៊ីជិនពីង ពេញចិត្ត​នយោបាយការបរទេសបុរេសកម្ម​ ដើម្បីចិនខ្លាំងក្លា​ និងជាប្រទេសអ្នកមាន​ និងមានសមត្ថភាពការពារខ្លួនឯង​ ហើយអាចក្តោបក្រសោបជោគវាសនារបស់ខ្លួននៅចំកណ្តាលបេះដូងនៃសុបិនរបស់ចិន​ (Miller, 2017)។​ ចិនដែលក្លាយជាប្រទេសអ្នកមាន និងមានអំណាច​ កំពុងមានបំណងជំនួសអាមេរិកជាមហាអំណាចអាស៊ី​ (Khong, 2013-14)។

អ្វីដែលគួរឱ្យកត់សម្គាល់​ ចិនធ្លាប់ជាប្រទេសអនុត្តរភាពតំបន់​ មុនពេលការមកដល់ និងការពង្រីកទឹកដីរបស់លោកខាងលិច​ ដែលគាំទ្រដោយបដិវត្តឧស្សាហកម្ម។​ ចិនបានរះឡើងយ៉ាងលឿនក្រោយកំណែទម្រង់បើកចំហររបស់តេងស៊ីវពីង។ ចិនបានរះឡើងឡើងនៅពេលព្រះអាទិត្យអស្តង្គតនៃសតវត្សទី២០ និងនៅពេលព្រលឹមនៃសតវត្សទី២១ (Men, 2020)។ ដើម្បីស្តារមុខមាត់ប្រវត្តិសាស្ត្រ​ និងឋាន:ជា មហាអំណាចភូមិភាគកណ្តាលរបស់ខ្លួន​ ចិនបានអនុម័តយុទ្ធសាស្ត្រសាកល​ និងមានមហិច្ចតាចង់ឈ្នះល្បែងនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ តាមរយៈ​ការ​ត្រួត​ត្រា​សមុទ្រ​ចិន​ខាងកើត​ និង​ខាង​ត្បូង​  ដោយធ្វើទំនើបកម្មយោធា​ និងធ្វើជាក្បាលម៉ាស៊ីនរុញច្រានកំណើនសដ្ឋកិច្ចតំបន់ និងពិភពលោក​ ដែលគេស្គាល់ថាជាជាភូមិសាស្ត្រសេដ្ឋកិច្ច​ និងការទូតទន់ភ្លន់​។​ ការប្រើប្រាស់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បីសម្រេចបានមហិច្ចតានយោបាយមិនមែនចិនទើបតែអនុវត្តឥលូវនោះទេ​ ពីព្រោះ​ចិនបានអនុវត្តវាតាំងពីសម័យបុរាណមកម្លេះ។​ បើយោងតាម Kishore Mahbubani និង​Jeffery​ Jeffery Sng មេដឹកនាំចិនបានដាក់ឱ្យអនុវត្តទណ្ឌកម្ម​សេ្ឋកិច្ចឬក៏កម្រិតពាណិជ្ជកម្មជាមួយប្រទេសដទៃ ក្នុងគោលបំណងសម្រេចបានគោលដៅនយោបាយការបរទេស។ ជាឧទាហរណ៍ ប្រទេសចិនបានគំរាមកាត់ផ្តាច់បំពង់នាំរ៉ែដែករបស់អូស្ត្រាលីចំនួន ៦៣ ពាន់លានដុល្លារទៅកាន់ទីក្រុងប៉េកាំង និងពន្យាការនាំចូលចេកពីប្រទេសហ្វីលីពីន ជាការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះការទាមទាររបស់អូស្ត្រាលីលើការស៊ើបអង្កេតករណីវីរុសកូវីដ១៩ និងការប្តឹងចិនដោយប្រទេសហ្វីលីពីនទៅកាន់តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ស្ថិត​ក្នុង​ទីក្រុង​ឡាអេ លើបញ្ហាជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។

គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវ (BRI)​ ដោយអធិរាជក្រហមចិន​ ត្រូវបានអ្នកសិក្សាយុទ្ធសាស្ត្រមើលឃើញថា​ ជាការប្រើប្រាស់ភូមិសាស្ត្រសេដ្ឋកិច្ចដើម្បីបំពេញមហិច្ចតាភូមិសាស្ត្រនយោបាយ។​  ចេញពីល្អាងទន្លេមេគង្គទៅដល់វាលស្មៅដ៍ធំធេងនៃអាស៊ីកណ្តាល​ ចិនកំពុងតែសំញែងសាច់ដុំសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រ។​ តាមរយៈ​ការបង្កើត​ ស្ថាប័ន​ហិរញ្ញវត្ថុ​ថ្មី​  ទីក្រុង​ប៉េកាំង​កំពុង​ប្រជែង​សណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទីពីរ​ ក្រោមក្រសែរភ្នែកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុតពីវ៉ាស៊ីនតោន។​ ហើយតាមរយៈការផ្តល់មូលនិធិ​ និងការកសាងហេដ្ឋារចនាសម័ន្ធភ្ជាប់អាស៊ីនឹងអឺរ៉ុប។ល។​ គម្រោង​វិថីសូត្រថ្មី ជាឧបករណ៍សេដ្ឋកិច្ច​ ឆ្លងកាត់អឺរ៉ាស៊ី​ សមុទ្រ​ចិន​ខាងត្បូង​ និង​មហាសមុទ្រ​ឥណ្ឌា​  ប្រទេស​ចិន​មានបំណងច្បាស់លាស់ ដើម្បីរួមរិតប្រទេសជិតខាងរបស់ខ្លួនឱ្យកាន់តែតឹងឡើងៗក្នុងសំណាញ់ពីងពាងរបស់ខ្លួន។​ គម្រោងនេះមាន៩០០គម្រោងដែលមានទឹកប្រាក់រហូតដល់១.៤ទ្រីលាន ដុល្លា​ (Allison, 2017)។​ វាអាចត្រូវបានគេមើលឃើញថាជាផែនការម៉ាសាលថ្មី (Marshall Plan[1])របស់ចិន។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ លោក Parag Khanna ដែលជាអ្នកប្រឹក្សាយុទ្ធសាស្ត្រដ៏ល្បី មានសុទិដ្ឋិនិយមអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)ដែលដឹកនាំដោយប្រទេសចិន។ លោកលើកឡើងថា “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គឺជាគម្រោងការទូតដ៏សំខាន់បំផុតនៅសតវត្សរ៍ទី២១ ដែលមានសារៈសំខាន់ដូចការការបង្កើតអង្គការសហប្រជាជាតិ និងធនាគារពិភពលោកបូករួមទាំងផែនការម៉ាសាលនៅពាក់កណ្ដាលសតវត្សរ៍ទី២០ ដែលត្រូវបានដាក់បញ្ចូលថែមទៀត។” ភាពខុសគ្នារបស់វាគឺ “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ត្រូវបានចាប់កំណើតនៅទ្វីបអាស៊ី និងបើកដំណើរការនៅអាស៊ីហើយនឹងដឹកនាំដោយជនជាតិអាស៊ី” (Khanna , 2019, p. 2)។

គោលដៅរបស់ចិន​ គឺបង្កើតសំណាញ់សម្ព័ន្ធមិត្តមិនផ្លូវការ​ ដែលត្រូវបានចាក់ប្រេងរំអិលដោយលុយមហាសាលរបស់ចិន​ ហើយនៅពេលដែលប្រទេសជិតខាងរបស់ខ្លួនកាន់តែពឹងអាស្រ័យខ្លាំងឡើងៗទៅលើសេដ្ឋកិច្ចរបស់ខ្លួន​ ប៉េកាំង​ជឿជាក់យ៉ាងមុតមាំថាទម្ងន់ភូមិសាស្ត្រនយោបាយរបស់ផងខ្លួននឹងត្រូវបានពង្រឹងឡើង។ បេសកកម្ម​របស់អធិរាជក្រហមចិន​ គឺធ្វើឱ្យ​ចិនក្លាយជាអនុត្តរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​ ដែលលោកស៊ី ជិនពីង​ចាត់ទុកថា​ជាទីតាំងធម្មជាតិ​ ត្រឹមត្រូវនឹងប្រវត្តិសាស្ត្ររបស់ខ្លួន (Miller, 2017)​។​ នេះមិនមានន័យថា​ ចិនត្រូវជំនួសតួនាទីជាមហាអំណាចស្នូលរបស់អាមេរិកក្នុងរយះពេលខ្លីនោះទេ​ តែវាមានន័យថាអាស៊ីជាទីធ្លាក្រោយផ្ទះរបស់ចិន​ ហើយអាស៊ីត្រូវដឹកនាំដោយប្រទេសអាស៊ីដែលមានចិនជាក្បាលម៉ាស៊ីនដឹកនាំ។​ សម្រេចសម្រួចទៅ​ សុបិនចិន​ តាមយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន​ ជាសុបិននៃការស្តារឋានៈជាមហាអំណាចភូមិភាគកណ្តាលឡើងវិញ។

តើចិនអាចរះឡើងដោយសន្តិវិធីឬទេ?

កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ ១៩៧៨ គឺជាកម្លាំងជំរុញឱ្យផ្លាស់ប្តូរតុល្យភាពអំណាចក្នុងន័យសេដ្ឋកិច្ច និងនយោបាយ។ ជាការពិត នៅដើមឆ្នាំ ១៩៨០ “ផលិតផលក្នុងស្រុកសរុបរបស់ចិនគឺតិចជាង ៣០០ ពាន់លានដុល្លារ។ នៅឆ្នាំ ២០១៥ វាមានចំនួន ១១ទ្រីលានដុល្លារដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកតាមរយៈអត្រាប្តូរប្រាក់ទីផ្សារ (Allison, 2017)។ លោក Allison បានបន្ថែមទៀតថា ក្នុងរយៈពេល២ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៨មក ការកើនឡើងនៃផលិតផលក្នុងស្រុកសរុបរបស់ចិន មានទំហំធំជាងសេដ្ឋកិច្ចឥណ្ឌាទាំងមូលទៅទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីកំណែរទម្រង់របស់តេង ស៊ីវពីង ផលិតផលក្នុងស្រុកសរុបបានកើនឡើង៣០ដង ហើយប្រជាជន៧៥០លាននាក់ត្រូវបានរំដោះខ្លួនចេញពីភាពក្រីក្រ ដែលជាចំនួនមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក (Kashmeri , 2019)។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនដែលមានចំនួន ១៥,៩៣% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)របស់ពិភពលោកក្នុងឆ្នាំ ២០១៣ បានកើនឡើងដល់ជាង ១៨,៧០%នៅឆ្នាំ២០១៨ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសអាមេរិក។ ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានបន្តកើនឡើងជាមួយនឹងចំនួនទឹកប្រាក់៩,៦០៧ ទ្រីលានដុល្លារអាមេរិកដល់១២,២៣៨ ទ្រីលានដុល្លារ។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន៧០៧៧ដុល្លារក្នុងឆ្នាំ ២០១៣ បានកើនឡើងដល់ ៨៦៩០ដុល្លារក្នុងឆ្នាំ២០១៧។ ចំណែកឯទុនបំរុងអន្តរជាតិ ចិនជាប្រទេសនាំមុខគេក្នុងទឹកប្រាក់ ៣,៣៩៥,៦៣ពាន់លានដុល្លារ។

អ្នកវិទ្យាសាស្ត្រនយោបាយជាច្រើនវែកញែកថា មហាអំណាចដែលកំពុងរះត្រដែតឡើងមានទំនោរជាអ្នកបង្កើតបញ្ហាឬអ្នកផ្តួចផ្តើមសង្រ្គាម (Friedberg, 2011; Zhu , 2006; Copeland , 2015)។ អរិភាពរវាងលោកខាងលិច និងខាងកើត នៅតែជាក្រឡាចត្រង្គអំណាចដ៏សំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិ ជាពិសេសអរិភាពចិន និងអាមេរិក។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្រនយោបាយជាច្រើនអះអាងថា មហាអំណាចដែលកំពុងរះឡើងចង់ចាត់ចែងសណ្តាប់ធ្នាប់ពិភពលោកតាមរបៀបខ្លួន។ លោក Fareed Zakaria មានប្រសាសន៍ថា តាមការវិវត្តនៃប្រវត្តិសាស្ត្រ រដ្ឋដែលឆ្លងកាត់ពិសោធនៃការរីកចម្រើនធនធានសម្ភារៈដ៏គួរឱ្យកត់សម្គាល់ បានកំណត់ និងពង្រីកផលប្រយោជន៍នយោបាយនៅបរទេសភ្លាមៗ ដែលគេអាចវាស់វែងបានតាមរយៈការបង្កើនការចំណាយយោធា, ការផ្តួចផ្តើមសង្គ្រាម, ការច្បាមយកទឹកដី ការដាក់ពង្រាយយោធានិងអ្នកការទូត និងការចូលរួមក្នុងការសម្រេចចិត្តមហាអំណាច (Zakaria , 1998, p. 3)។ លោក Robert J. Art បានអះអាងថា សង្គ្រាមមហាអំណាចភាគច្រើនក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ បណ្តាលមកពីការកើនឡើងនូវមហិច្ឆតានៃមហាអំណាចដែលកំពុងរះឡើង ដើម្បីផ្លាស់ប្តូរបទដ្ឋាន និងវិធាននៃនយោបាយអន្តរជាតិតាមការចង់បានរបស់ខ្លួន (Art, 2003, p. 39)។

ប្រទេសចិនសព្វថ្ងៃ គឺជាមហាអំណាចតំបន់មួយដែលកំពុងរះឡើងដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែចិនមិនទាន់មានសមត្ថភាពពង្រាយអំណាចចេញក្រៅអាស៊ីបានទូលំទូលាយនៅឡើយនោះទេ។ ហេតុដូច្នេះ អ្វីដែលចិននឹងព្យាយាមធ្វើដំបូងគេ គឺត្រូវក្លាយខ្លួនជាប្រទេសអនុត្តរភាពតំបន់អាស៊ី ដែលមានន័យថាចិនចង់មានអំណាចខ្លាំងជាងប្រទេសជិតខាងទាំងអស់សិន ហើយទើបរុញច្រានសហរដ្ឋអាមេរិកចេញពីតំបន់អាស៊ីប្រកបដោយប្រសិទ្ធភាព។ នៅពេលដែលចិនអាចធ្វើបាន ចិននឹងចាប់ផ្តើមគិតអំពីការពង្រាយអំណាចរបស់ខ្លួននៅជុំវិញពិភពលោក។ ប្រទេសចិនកំពុងព្យាយាមពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនហួសពីដែនសមុទ្រអាស៊ីបូព៌ារបស់ខ្លួនដោយការកសាង“ខ្សែគុជ” ដែលលាតសន្ធឹងពីឆ្នេរសមុទ្រចិនឆ្លងកាត់តាមសមុទ្រចិនខាងត្បូង, ច្រកសមុទ្រម៉ាឡា, មហាសមុទ្រឥណ្ឌា និងការធ្វើទំនើបកម្មយោធារបស់ចិនជាពិសេសកងទ័ពជើងទឹកវាយលុក ដើម្បីគ្រប់គ្រង និងការពារព្រំដែនសមុទ្ររបស់ខ្លួន ប្រសិនបើសង្គ្រាមមិនអាចជៀសរួចនាពេលអនាគតកើតមានឡើងនោះ។

និយាយឱ្យកាន់តែច្បាស់ ការពង្រឹងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន ជាយុទ្ធសាស្ត្រព្រនុងធំរបស់ថ្នាក់ដឹកនាំចិនដើម្បីស្តារឡើងវិញនូវភាពជាមហាអំណាច និងភាពរុងរឿងរបស់ខ្លួនជាអាណាចក្រភូមិភាគកណ្តាលដែលត្រួតត្រាអាស៊ីបូព៌ាទាំងមូល។ លើសពីនេះទៅទៀត នៅក្នុងវិសាលភាពនៃទ្រឹស្តីប្រាកដនិយមវាយលុក ទំនោររបស់ចិននេះគួរឱ្យព្រួយបារម្ភ ដោយសារការពិតដែលថារដ្ឋមាននិន្នាការបំឡែងកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនទៅជាកម្លាំងយោធា។ សម្រាប់អ្នកប្រាកដនិយម ចិននឹងត្រាប់តាមមហាអំណាចចាស់ ជាពិសេសគឺការត្រាប់តាមសហរដ្ឋអាមេរិកតាមរយៈការចាប់យកឋានៈជាមហាអំណាចអនុត្តរភាពតំបន់ និងចង់ត្រួតត្រាពិភពលោកទាំងមូល។ ជាការពិត ទស្សនៈដែលថាចិនជាប្រទេសសើរើនិយម អាចមើលឃើញតាមរយៈគោលនយោបាយការបរទេសរបស់ចិនចំពោះកោះតៃវ៉ាន់ កោះតាវយូឬសិនកាគូ, សមុទ្រចិនខាងត្បូង និងជម្លោះព្រំដែនជាមួយឥណ្ឌា។ គេមិនអាចបដិសេធបានទេថា ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនដែលកំពុងកើនឡើងនិងវិធីសាស្រ្តសើរើឡើងវិញ មិនត្រូវបានអត់អោនដោយទីក្រុងវ៉ាស៊ីនតោននោះទេ ព្រោះការណ៍នោះអាចផ្តល់លទ្ធភាពឱ្យចិនអាចគ្រប់គ្រងតំបន់អាស៊ីបាន ហើយចិននឹងអាចបង្ខំប្រទេសផ្សេងទៀតនៅអាស៊ីឱ្យស្របតាមរបៀបវារៈរបស់ខ្លួន ហើយទីបំផុតរុញច្រានអាមេរិកចេញពីទ្វីបអាស៊ី ដូចដែលអាមេរិកបណ្តេញអ៊ឺរ៉ុបចេញពីទីធ្លាក្រោយផ្ទះរបស់ខ្លួននៅសតវត្សទី១៩ផងដែរ។ ជាការពិតនៅក្នុង“យុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៨ របស់សហរដ្ឋអាមេរិក” សហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនជាគូប្រជែងយុទ្ធសាស្ត្ររបស់ខ្លួនដោយបញ្ជាក់ថា៖

ចិនគឺជាដៃគូប្រកួតប្រជែងជាយុទ្ធសាស្ត្រ ដោយប្រើប្រាស់សេដ្ឋកិច្ចប្រម៉ាញ់ដើម្បីបំភិតបំភ័យប្រទេសជិតខាងរបស់ខ្លួន ខណៈពេលជាមួយគ្នាចិនធ្វើទំនើបកម្មយោធានៅសមុទ្រចិនខាងត្បូង។ …ប្រទេសចិន កំពុងប្រើប្រាស់ទំនើបកម្មយោធា ឥទ្ធិពលប្រតិបត្ដិការ និងសេដ្ឋកិច្ចប្រម៉ាញ់ដើម្បីបង្ខិតបង្ខំប្រទេសជិតខាងដើម្បីរៀបចំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឡើងវិញ តាមផលប្រយោជន៍ចង់បានរបស់ខ្លួន។ នៅពេលដែលសេដ្ឋកិច្ចរបស់ចិនបន្តកើនឡើង តាមរយៈយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ចិននឹងបន្តអនុវត្តកម្មវិធីទំនើបកម្មយោធាដែលស្វែងរកអនុត្តរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងរយៈពេលខ្លី និងជំនួសសហរដ្ឋអាមេរិកជាមហាអំណាចពិភពលោកនាពេលអនាគត (Department of Defense of the United States of America, 2018)

ការតម្រង់ឆ្ពោះមកកាន់អាស៊ី (Pivot to Asia) របស់សហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រព្រនុងធំមួយដែលបានប្រើប្រាស់ដោយរដ្ឋបាលលោកអូបាម៉ា ដើម្បីរក្សាភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក និងសណ្តាប់ធ្នាប់សេរីដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយនឹងការយកចិត្តទុកដាក់ចំពោះធនធានកាន់តែច្រើនសម្រាប់តំបន់ ដែលមានភាពរឹងមាំនេះ (Campbell, 2016) ។ យុទ្ធសាស្ត្រនេះត្រូវបានអ្នកសិក្សាខ្លះចាត់ទុកថាជាយុទ្ធសាស្ត្រមួយដែលមានគោលបំណងប្រឆាំងនឹងការងើបឡើងរបស់ចិន និងដើម្បីលើកកម្ពស់“វត្តមាន និងឥទ្ធិពលរបស់អាមេរិកនៅអាស៊ី” និងជាការឆ្លើយតបចំពោះការជឿជាក់ខ្ពស់របស់ចិន (Bader, 2012;​ Yahuda, 2014)។ ក្នុងន័យនេះ រដ្ឋបាលរបស់លោកអូបាម៉ាបានយកគំរូកូនកាត់នៃយុទ្ធសាស្ត្រព្រនុងធំនៃការរួមបញ្ចូលគ្នាដ៏មានប្រសិទ្ធិភាពនៃភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច សម្រាប់សណ្តាប់ធ្នាប់ពិភពលោក (Möttölä, 2019)។

លោកអតីតប្រធានាធិបតីអូបាម៉ា បានព្យាយាមធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅតាមតំបន់ផ្សេងៗគ្នាធ្វើតុល្យភាពឱ្យខ្លួន។ ដោយឱ្យជប៉ុនធ្វើតុល្យភាពជាមួយចិន ធ្វើឱ្យអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលធ្វើតុល្យភាពជាមួយអ៊ីរ៉ង់ និងធ្វើឱ្យអាល្លឺម៉ង់ធ្វើតុល្យភាពជាមួយរុស្ស៊ី (Kaplan R. D, 2018) ។ ជាការពិតណាស់ ឥណ្ឌាគឺជាបេក្ខជនយុទ្ធសាស្ត្រដ៏ល្អដែលដើរតួជាអ្នកធ្វើឱ្យមានតុល្យភាពប្រឆាំងនឹងចិន  (Kapyla & Aaltola, 2019)។ មិនត្រឹមតែប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជប៉ុនក៏កំពុងដើរតួនាទីឈានមុខគេក្នុងការធ្វើតុល្យភាពអំណាចរបស់ចិននៅក្នុងតំបន់ផងដែរ។ ជាយុទ្ធសាស្ត្រ ជប៉ុនរីករាយនឹងធ្វើឱ្យមានតុល្យភាពអំណាចជាមួយចិនដែលកំពុងរីកលូតលាស់នៅក្នុងទីធ្លាក្រោយផ្ទះរបស់ខ្លួន (Mattin & Garens, 2019) ដោយសារតែការគំរាមកំហែងរបស់ចិនចំពោះសន្តិសុខជប៉ុន (Luttwak, 2012) ។

សហរដ្ឋអាមេរិក និងប្រទេសជិតខាងចិនដែលមិនចង់ឲ្យប្រទេសចិនក្លាយជាអនុត្តរភាពតំបន់ នឹងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការរះត្រដែតឡើងរបស់ចិន។ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រព្រនុងធំរបស់អាមេរិកក្នុងការកម្រិតការកើនឡើងនៃអំណាចរបស់ចិន, ដើម្បីធ្វើឱ្យមានតុល្យភាពទល់នឹងអំណាចរបស់ចិនដែលកំពុងកើនឡើងនៅប៉ាស៊ីហ្វិកខាងលិច (Straffor, 2017), ដើម្បីទប់ទល់នឹងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិនដែលកំពុងកើនឡើង (Kuronuma, Maulia, & Janssen, 2018)និង ដើម្បីរារាំងសមត្ថភាពរបស់ចិនក្នុងការរំលោភលើផលប្រយោជន៍របស់អាមេរិក និងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ (Smith, 2019)នៅអាស៊ីប៉ាស៊ីហ្វិក។ អ្នកនយោបាយអភិរក្សនិយមរបស់អាមេរិក ខកចិត្តយ៉ាងខ្លាំដោយសារតែការខិតខំរបស់អាមេរិកក្នុងការធ្វើសមាហរណកម្មប្រទេសចិនទៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិសេរី បានរុញច្រានចិនឱ្យក្លាយជាប្រទេសអ្នកមាន និងផ្តាច់ការ ហើយឥឡូវនេះចិនបានបង្កើតការគំរាមកំហែងថ្មីដល់ឧត្តមភាពអាមេរិកនៅអាស៊ី និងជាយថាហេតុអាចនឹងបង្កបញ្ហាប្រឈមដល់អំណាចអាមេរិកនៅទូទាំងពិភពលោក ដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនត្រូវការយុទ្ធសាស្ត្រព្រនង់ធំថ្មីមួយទប់ទល់ប្រទេសចិនដែលផ្តោតលើការធ្វើតុល្យភាពនៃការកើនឡើងនៃអំណាចចិនជាជាងបន្តជួយដល់ការរះត្រដែតឡើងនៃអំណាចរបស់ចិន (Blackwill & Tellis, 2015, p. 4)។

យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងផ្តល់ឱកាសឱ្យជប៉ុន[2] និងឥណ្ឌាដើរតួជាយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ការរះឡើងរបស់ចិន។ ជាពិសេស វានឹងផ្តល់ឱ្យឥណ្ឌានូវទម្ងន់បន្ថែមទៀតដើម្បីដើរតួជា“អ្នកធ្វើតុល្យភាពយុទ្ធសាស្ត្រជាមួយចិន” និង“ដើម្បីទប់ស្កាត់ការវាតទីភូមិសាស្ត្រសេដ្ឋកិច្ចរបស់ចិនឆ្ពោះទៅភាគខាងលិច” (Kapyla & Aaltola, 2019, p. 48)។ គេមើលឃើញថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកបានអនុម័តនិងអនុវត្តដោយអាមេរិករបស់ Trump គឺជាមធ្យោបាយភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចដើម្បីធ្វើឱ្យមានតុល្យភាពតទល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។ ដូចដែលលោក Zhao​ Minghao អះអាងថា“យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់Trump” មានគោលបំណង “ធ្វើឱ្យមានតុល្យភាពអំណាចដែលកំពុងកើនឡើងរបស់ប្រទេសចិនជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ” (Minghao, 2018)។ ហេតុដូច្នេះ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកគឺជាយុទ្ធសាស្ត្រព្រនុងធំមួយ ដែលសហរដ្ឋអាមេរិកអនុវត្តដើម្បីអូសទាញសម្ព័ន្ធមិត្តឱ្យចូលរួមក្នុងតំបន់របស់ខ្លួនដើម្បីការពារផលប្រយោជន៍ទៅវិញទៅមក និងដើម្បីប្រឆាំងឬឡោមព័ទ្ធការរះឡើងរបស់ចិនផ្នែកការទូត យោធា និងសេដ្ឋកិច្ចនៅក្នុងតំបន់។

នៅក្នុងប្រព័ន្ធអន្តរជាតិអនាធិបតេយ្យ ដែលពោរពេញដោយការប្រជែងសន្តិសុខស្រួចស្រាវ និងការមិនទុកចិត្តគ្នាក្នុងចំណោមប្រទេសមហាអំណាច ប្រហែលជានឹងមិនអាចឱ្យការរះត្រដែតឡើងរបស់ចិនជាមហាអំណាចថ្មីក្នុងសតវត្សរ៍ទី២១ កើតឡើងដោយសន្តិភាពនោះទេ។ តាមប្រវត្តិសាស្ត្ររបស់ខ្លួន សហរដ្ឋអាមេរិកមិនដែលអត់អោនចំពោះការរះឡើងនៃដៃគូប្រជែងរបស់ខ្លួននោះទេ ដូចដែលសហរដ្ឋអាមេរិកបានធ្វើចំពោះចក្រភពអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី១, ណាស៊ីសអាល្លឺម៉ង់, ចក្រភពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ និងសហភាពសូវៀតក្នុងសង្គ្រាមត្រជាក់។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយដ៍លេចធ្លោ John Mearsheimer អះអាងយ៉ាងច្បាស់ថា ចិនមិនអាចរះឡើងដោយសន្តិភាពនោះទេ (Mearsheimer, 2014a, 2014b)៕

អត្ថបទវិភាគដោយ៖ បណ្ឌិត រ៉ូ វណ្ណៈ

ឧបត្ថម្ភដោយ៖ មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ

 

 

 

 

 

បញ្ជាក់៖ រាល់ខ្លឹមសារនៃបទវិភាគ គឺជាការគំនិតរបស់អ្នកនិពន្ធផ្ទាល់ ហើយមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ BK Updates ឬមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរឡើយ។

 

ឯកសារយោង៖

Allison, G. (2017). Destined for War: Can America and China Escape Thucydides’s Trap? Houghton Mifflin Harcourt.

Art, R. (2003). A Grand Strtaegy For America. The Century Foundation, Inc.

Baracuhy , B. (2019). Geo-economics as a Dimension of Grand Strategy. (M. Wigell , S. Scholvin, & M. Aaltola, Eds.) New York: Routledge.

Blackwill, R., & Tellis, A. (2015). Revising U.S. Grand Strategy Toward China. Council on Foreign Relations Press.

Campbell, K. (2016). The Pivot: The Future of American Statecraft in Asia. New York: Hachette Book Group.

Copeland , D. (2015). Economic Interdependence and War. Princeton University Press.

Department of Defense of the United States of America. (2018). National Defense Strategy of the United States of America. Washington, DC.

Friedberg, A. (2011). A Contest for Supremacy: China, America, and the Struggle for Mastery in Asia. W. W. Norton & Company.

Kapyla, J., & Aaltola, M. (2019). Critical Infrastructure, in Geostrategic Competition: Comparing the United States and Chinese Silk Road Projects. In M. Wigell, S. Scholvin, & M. Aaltola, Geo-economics and Power Politics in the 21st Century: The Revival of Economic Statecraft. New York: Routledge.

Kashmeri , S. (2019). China’s Grand Strategy: Weaving a New Silk Road to Global Primacy. Praeger.

Khanna , P. (2019). The Future Is Asian. Simon & Schuster .

Khong, Y. F. (2013-14, Winter). Primacy or World Order? International Security, 38(3), 153-75.

Kuronuma, Y., Maulia, E., & Janssen, P. (2018, March 28). Is China’s Belt and Road working? A progress report from eight countries. Retrieved July 03, 2018, from https://asia.nikkei.com/Spotlight/The-Big-Story/Is-China-s-Belt-and-Road-working-A-progress-report-from-eight-countries

Lacoste, Y. (2006). Geopolitique: La Longue Histoire D’ Aujourd’ hui. Larousse.

Luttwak, E. (2012). The Rise of China Vs. the Logic of Strategy. The Belknap Press of Harvard University Press.

Mandelbaum, M. (1988). The Fate of Nations: The Search for National Security in the Nineteenth and Twentieth Centuries. Cambridge University Press.

Mattin, M., & Garens, B. (2019). Development Trading as Financial Statecraft?: A Comparative Exploration of the Practices of China and Japan (1st Edition ed.). (M. Wigell, S. Scholvin, & M. Aaltola, Eds.) New York: Routledge.

Mearsheimer, J. (2014, October 25). Can China Rise Peacefully? Retrieved from The National Interest: https://nationalinterest.org/commentary/can-china-rise-peacefully-10204

Mearsheimer, J. (2014). The Tragedy of Great Power Politics. W. W. Norton & Company.

Men, H. (2020). China’s Grand Strategy: A Framework Analysis. Springer.

Miller, T. (2017). China’s Asian Dream: Empire Building along the New Silk Road. Zed Books.

Minghao, Z. (2018, August 21). The “Indo-Pacific Strategy” and China-US Geopolitical Competition. Retrieved August 24, 2018, from China-US Focus: https://www.chinausfocus.com/foreign-policy/the-indo-pacific-strategy-and-china-us-geopolitical-competition

Möttölä, K. (2019). US grand strategy in flux: Geo-economics, liberal international order. (M. Wigell, S. Scholvin, & M. Aaltola, Eds.) New York: Routledge.

Scholvin , S., & Wigell, M. (2019). Geo-politics Power Politics: An Introduction. (M. Wigell, S. Scholvin, & M. Aaltola, Eds.) New York: Routledge.

Smith, J. (2019, January 09). China’s Rise and (Under?) Balancing in the Indo-Pacific: Putting Realist Theory to the Test. Retrieved February 22, 2019, from The Heritage Foundation: https://www.heritage.org/asia/commentary/chinas-rise-and-under-balancing-the-indo-pacific-putting-realist-theory-the-test

Straffor. (2017, November 15). The Indo-Pacific: Defining a Region. Retrieved February 22, 2019, from StrafforWorldview: https://worldview.stratfor.com/article/indo-pacific-defining-region

Zakaria , F. (1998). From Wealth to Power. Princeton University Press.

Zhu , Z. (2006). US-China Relations in the 21st Century: Power Transition and Peace. Routledge.

[1] ផែនការម៉ាសាល ដែលត្រូវបានគេស្គាល់ថាជាកម្មវិធីស្តារអ៊ឺរ៉ុប គឺជាកម្មវិធីផ្តួចផ្តើមបង្កើតឡើងដោយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក George C. Marshall ដើម្បីផ្តល់ជំនួយដល់អឺរ៉ុបខាងលិចដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមលោកលើកទី២។ ផែនការនោះត្រូវបានអនុម័តនៅឆ្នាំ១៩៤៨ និងចំណាយថវិកាជាង ១៥ ពាន់លានដុល្លារដើម្បីជួយស្តារហិរញ្ញវត្ថុនិងសេដ្ឋកិច្ចទ្វីបអឺរ៉ុបឡើងវិញ។

[2] ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចតែជាមនុស្សតឿនយោបាយ ខ្លាចឥទ្ធិពលនិងការវាតទីកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ ប្រកាន់យកគោលនយោបាយធ្វើតុល្យភាព ដើម្បីកាត់បន្ថយនិងកម្រិតសត្រូវរបស់ខ្លួន។ លោក Tetsuo Kotani អះអាងថា“ ទីក្រុងតូក្យូបានកំណត់ឡើងវិញនូវឥណ្ឌូ-ប៉ាស៊ីហ្វិកថាជាទស្សនទានភូមិសាស្ត្រនៃសតវត្សរ៍ទី២១”ហើយយុទ្ធសាស្ត្រនេះក៏ជាការទប់ទល់ភូមិសាស្ត្រនយោបាយប្រឆាំងនឹងឥទ្ធិពល និងវត្តមានដែលចេះតែកើនឡើងរបស់ចិន​ក្នុងតំបន់អឺរ៉ាស៊ី និងអាហ្រិក ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រធានាធិបតីហ្សី ជិនពីង” (Kotani, 2018)។