គោលនយោបាយការបរទេសរបស់ចូ បៃឌិន៖ ការរស់ឡើងវិញនៃអនុត្តរភាពសេរី?

1122

អត្ថបទវិភាគដោយ បណ្ឌិត រ៉ូ វណ្ណៈ

អ្នកប្រាជ្ញទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ និងអ្នកសិក្សាគោលនយោបាយការបរទេសសហរដ្ឋអាមេរិក បានយល់ឃើញផ្សេងគ្នាជុំវិញការដាក់ចេញនិងការអុវត្តគោលនយោបាយការបរទេសបែបណាដែលបម្រើដល់ផលប្រយោជន៍អាមេរិក សម្ព័ន្ធមិត្ត និងសណ្តាប់ធ្នាប់សាកលលោកទាំងមូល។ ទោះបីជាយ៉ាងណា គេអាចមើលឃើញគោលនយោបាយការបរទេសលេចធ្លោពីរគឺ គោលនយោបាយសណ្តាប់ធ្នាប់អន្តរជាតិសេរី​ (liberal international order)[i] និង គោលនយោបាយតុល្យភាពនាយសមុទ្រ (Offshore Balancing)[ii] ដែលស្នើឡើងដោយនយោបាយវិទូលេចធ្លោ និងអ្នកធ្វើគោលនយោបាយអាមេរិក។ អត្ថបទនេះ នឹងពិនិត្យមើល ថាតើអ្វីទៅជាគោលនយោបាយអនុត្តរភាពសេរី (liberal hegemony) និងថាតើគោលនយោបាយនេះ នឹងរស់ឡើងវិញដែរឬទេក្រោមរដ្ឋបាលលោកចូបៃឌិន។

តើអ្វីទៅជាគោលនយោបាយអនុត្តរភាពសេរី?

អនុត្តរភាពសេរី គឺជាយុទ្ធសាស្ត្រប្រកបដោយមហិច្ចតាដែលរដ្ឋសេរីមានបំណងផ្លាស់ប្តូរប្រទេសជាច្រើនទៅជាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីដូចខ្លួន ហើយក៏មានបេសកកម្មលើកកំពស់សេដ្ឋកិច្ចអន្តរជាតិបើកចំហរ និងកសាងស្ថាប័នអន្តរជាតិ។[iii] និយាយរួម អនុត្តរភាពសេរី មានបេសកកម្មចំបងរបស់ខ្លួនគឺ ពង្រីកចំនួនប្រទេសប្រជាធិបតេយ្យសេរីក្នុងពិភពលោក, សម្របសម្រួលឱ្យមានសណ្តាប់ធ្នាប់សេដ្ឋកិច្ចបើកចំហរ, និងកសាងស្ថាប័នអន្តរជាតិដើម្បីរក្សាសណ្តាប់ធ្នាប់ពិភពលោកសេរីដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី២។ អនុត្តរភាពសេរី ជាគោលនយោបាយការបរទេសអន្តរជាតិនិយមសេរី ដែលផ្តល់តម្លៃខ្លាំងលើសិទ្ធិមនុស្ស សិទ្ធិមិនអាចដកហូតបាន ស្ថាប័នអន្តរជាតិសេរី និងការពង្រីកពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសផង និងនៅក្រៅប្រទេសផងដើម្បីរក្សាសណ្តាប់ធ្នាប់សេរី។ សហរដ្ឋអាមេរិក យល់ឃើញថាលទ្ធិប្រជាធិបតេយ្យសេរីដែលជាស្នូលមួយនៃសណ្តាប់ធ្នាប់សេរី គឺជាប្រព័ន្ធនយោបាយដ៏មានស្ថេរភាពបំផុតមួយ, ដែលអាចព្យាករណ៍បាន ហើយរឹងមាំបំផុតជាងប្រព័ន្ធនយោបាយទាំងអស់ផ្សេងទៀត។ បន្ថែមពីលើនេះទៅទៀត ប្រព័ន្ធនយោបាយនេះ មានកំណត់ត្រារឹងមាំបំផុតស្តីពីសេរីភាពនយោបាយ ជម្រើសនយោបាយ សិទ្ធិមនុស្ស នីតិរដ្ឋ សេរីភាពស៊ីវិល និងការផ្តល់សេវានយោបាយដ៏មានប្រសិទ្ធភាព និងមានន័យ។ ជាពិសេស លទ្ធិប្រជាធិបតេយ្យសេរី ក៏ត្រូវគេបានប្រកាន់យកនៅក្នុងសង្គមដែលមានផលិតភាពសេដ្ឋកិច្ចខ្លាំងក្លា និងជាប្រទេសអ្នកមានបំផុតនៅលើពិភពលោក។ នយោយវិទូ លោក Larry Diamond បានលើកឡើងថា នៅក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួននៅក្នុងការបោះឆ្នោតជាទៀងទាត់ដោយសេរី​និងយុត្តិធម៌។[iv] ជាទូទៅ ពួកគេយល់ឃើញថាដើម្បីលើកតម្កើងគុណភាពជីវិត និងគុណតម្លៃសេរីដែលនាំឆ្ពោះទៅរកសង្គមស៊ីវិល័យនិងវិបុលភាពមួយ គឺមានតែរបបប្រជាធិបតេយ្យសេរីទេដែលបានបើកលទ្ធភាពឲ្យពលរដ្ឋរីករស់នៅ និងរួមរស់ប្រកបដោយសុខដុមនីយកម្មជាមួយគ្នាបាន។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Condoleezza Rice លើកឡើងថា លទ្ធិប្រជាធិបតេយ្យ ជាដំណើរការតស៊ូបន្តឥតដាច់ដោយមនុស្សនៅជុំវិញពិភពលោក មិនថាពួកគេប្រឆាំងនឹងរបបអជ្ញានិយម, ឬការបង្កើតស្ថាប័នប្រជាធិបតេយ្យថ្មី ឬការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យដែលមានភាពចាស់ទុំ គឺដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ពួកគេកាន់តែប្រសើរ និងបម្រើដល់ឧត្តមគតិរបស់ពួកគេ។ ហើយជាពិសេស ការធ្វើការងារដើម្បីឱ្យមានសុវត្ថិភាពដល់ប្រជាធិបតេយ្យ នឹងមិនដែលបញ្ចប់នោះទេ។[v]

បន្ថែមពីលើនេះ លោកចូ បៃឌិនអះអាងថា “ក៏ប៉ុន្តែប្រជាធិបតេយ្យមិនមែនគ្រាន់តែជាគ្រឹះនៃសង្គមអាមេរិកប៉ុណ្ណោះទេ។ វាក៏ជាប្រភពនៃរីកលូតលាស់នៃអំណាចរបស់យើងផងដែរ។ វាពង្រឹងនិងពង្រីកភាពជាអ្នកដឹកនាំរបស់យើងដើម្បីឱ្យយើងមានសុវត្ថិភាពនៅលើពិភពលោក។ វាគឺជាក្បាលម៉ាស៊ីននៃភាពប៉ិនប្រសប់របស់យើងដែលជំរុញវិបុលភាពសេដ្ឋកិច្ចរបស់យើង។ វាជាបេះដូងនៃអ្វីដែលថាយើងជាអ្នកណា និងរបៀបដែលយើងមើលឃើញពិភពលោក និងរបៀបដែលពិភពលោកមើលឃើញយើងវិញ។ វាអនុញ្ញាតឱ្យយើងកែខ្លួនឯងនិងបន្តខិតខំដើម្បីសម្រេចបានឧត្តមគតិរបស់យើងតាមពេលវេលា។” ក្នុងនាមជាប្រធានាធិបតីលោក បៃឌិន នឹងស្តារការលើកកម្ពស់សិទ្ធិមនុស្សជាសកលដែលជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។[vi]

មួយវិញទៀត លោក Samuel Huntington លើកឡើងថាឆ្លងតាមការវិវត្តនៃប្រវត្តិសាស្ត្រ បានបង្ហាញច្បាស់ថា រដ្ឋាភិបាលកុម្មុយនិស្តមិនប្រសើរជាងរដ្ឋាភិបាលសេរីទេក្នុងការកាត់បន្ថយគ្រោះទុរភិក្ស ការធ្វើឱ្យប្រសើរឡើងនូវសុខភាព ការពង្រីកផលិតផលជាតិ ការបង្កើតឧស្សាហកម្ម និងការបង្កើតសុខមាលភាពជាអតិបរមានោះទេ។[vii]​ លោក John Ikbehurry បានអះអាងថា អស់រយៈពេលពីររយឆ្នាំ គម្រោងដ៏ធំនៃនយោបាយអន្តរជាតិនិយមសេរី គឺដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកមួយដែលបើកចំហរមានមូលដ្ឋានគ្រឹះសេរីភាព និងមានទិសដៅឆ្ពោះទៅរកគំនិតចម្រើននិយម។[viii] អ្នកប្រាជ្ញប្រជាធិបតេយ្យ Larry Diamond យល់ឃើញថា ការការពារនិងលើកកម្ពស់ឧត្តមគតិប្រជាធិបតេយ្យ ត្រូវពឹងផ្អែកលើភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ការរីករាលដាលនៃលទ្ធិផ្តាច់ការដែលគម្រាមកំហែងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេរី។ លោកយល់ឃើញថា «ប្រសិនបើយើងមិនទាមទារយកមកវិញនូវទីតាំងប្រពៃណីរបស់យើង ជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យទេនោះ ការហើមប៉ោងនៃលទ្ធិផ្តាច់ការនាពេលបច្ចុប្បន្ននេះអាចនឹងក្លាយជារលកយក្សស៊ូណាមិដែលផ្តល់នូវការបើកផ្លូវសម្រាប់លោកវ្ល៉ាឌីមៀពូទីន លោកស៊ី ជីនពីង និងអ្នកកោតសរសើររបស់ពួកគេ ដោយបង្វែរសតវត្សរ៍ទី២១ ទៅជាសករាជដ៏ខ្មៅងងឹតនៃលទ្ធិផ្តាច់ការ (despotism)»។[ix]

តើនយោបាយការបរទេសអនុត្តរភាពសេរី ដែលអាមេរិកបានបញ្ជ្រាបនិងអនុវត្តក្រោយសង្គ្រាមលោកលើកទីពីរ និងក្រោយសង្គ្រាមត្រជាក់ (តែអាក់ខានក្រោមរដ្ឋបាលត្រាំ)[1] នឹងត្រូវបានអនុវត្តឡើងវិញឬទេ ក្រោមការដឹកនាំរបស់លោកចូ បៃឌិន?

លោក ចូ បៃឌិន បានសរសេរនៅក្នុងទស្សនាវដ្តី Foreign Affairs ថ្មីៗនេះថា «ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យមានឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក, ការពារអនាគតសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយជាថ្មីម្តងទៀត ដែលមានអាមេរិកជាអ្នកដឹកនាំពិភពលោក»។[x] លោកសង្កត់ធ្ងន់ថា «ជ័យជំនះនៃលទ្ធិប្រជាធិបតេយ្យនិងសេរីនិយមលើលទ្ធិហ្វាស៊ីសនិងអត្តាធិបតេយ្យ បានបង្កើតពិភពលោកសេរី។ ប៉ុន្តែការប្រកួតប្រជែងនេះមិនត្រឹមតែបានកំណត់ពីអតីតកាលរបស់យើងប៉ុណ្ណោះទេ។ វានឹងកំណត់នូវអនាគតរបស់យើងផងដែរ»។ សហរដ្ឋអាមេរិកនឹងអូសទាញសម្ព័ន្ធមិត្ត ដើម្បីបង្កើនកម្លាំងនិងសមត្ថភាពរបស់ខ្លួននៅពេលដែលការប្រកួតប្រជែងមហាអំណាចកំពុងកើនឡើង។[xi] Josef Joffe បានហៅលោកចូ បៃឌិនថាជាអ្នកអន្តរជាតិនិយម ស្ថាប័ននិយម ហើយលោកបានអះអាងថា អនុត្តរភាពសេរីនឹងត្រលប់មកអនុវត្តវិញនៅក្រោមអំណាចលោកចូ បៃឌិន។[xii] លោក Joseph S. Nye លើកឡើងថា ជោគជ័យនៃនយោបាយការបរទេសរបស់ចូ បៃឌិន ពឹងអាស្រ័យលើថាតើអាមេរិកសិក្សាឡើងយ៉ាងឆាប់រហ័សនូវសារៈសំខាន់នៃស្ថាប័នអន្តរជាតិចំពោះអាមេរិកប៉ុណ្ណា។[xiii]

លោកបៃដិន នឹងស្តារឡើងវិញនូវតួនាទីស្នូលរបស់លោកខាងលិចនៅក្នុងយុទ្ធសាស្ត្រព្រនុងធំរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាគ្រឹះដែលមានសុវត្ថិភាពបំផុតសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់និងបើកចំហរ នៅតែរក្សាសាមគ្គីភាពក្នុងចំណោមប្រទេសប្រជាធិបតេយ្យនិងសេដ្ឋកិច្ចទីផ្សារសេរី។[xiv]  ម្យ៉ាងងវិញទៀត ដោយសារតែសេរីនិយមផ្តល់រង្វាន់ដល់គំនិតនៃសិទ្ធិដែលមិនអាចដកហូតបាន ឬសិទ្ធិសេរីភាពធម្មជាតិ ប្រទេសមហាអំណាចសេរីព្រួយបារម្ភយ៉ាងខ្លាំងអំពីសិទ្ធិរបស់មនុស្សស្ទើរតែទាំងអស់នៅលើភពផែនដី។ តក្កវិជ្ជាសកលនេះ បង្កើតជាការលើកទឹកចិត្តដ៏មានឥទ្ធិពលមួយសម្រាប់រដ្ឋសេរីដើម្បីចូលជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសដទៃដែលរំលោភបំពានសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ តាមលោក ចន មៀរស្ហេម័រ ការណ៍នេះ នាំឱ្យពួកមហាអំណាចសេរីជ្រើសរើសយកមធ្យោបាយអន្តរាគមន៍ដើម្បីធានាថាសិទ្ធិរបស់ពលរដ្ឋទាំងនោះមិនត្រូវបានជាន់ឈ្លី ពោលគឺពួកគេត្រូវរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរី។ លោកបន្ថែមទៀតថា តក្កវិជ្ជានេះនាំទៅរកគោលនយោបាយសកម្មនៃការផ្លាស់ប្តូររបបដែលគោលដៅរបស់វា គឺដើម្បីផ្តួលរំលំពួកអត្តាធិបតេយ្យនិងដាក់ប្រជាធិបតេយ្យសេរីជំនួសមកវិញ ហើយពួកប្រទេសសេរីនិយមមិនខ្មាស់អៀនពីការងារនេះទេ ពីព្រោះភាគច្រើនពួកគេមានជំនឿជឿជាក់លើសមត្ថភាពរបស់រដ្ឋក្នុងការធ្វើវិស្វកម្មសង្គមទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ជាការពិត រដ្ឋបាលរបស់ប្រធានាធិបតីប៊ីលគ្លីនតុន, ចច ប៊ូស, និងអូបាម៉ា បានជ្រើសយកទ្រឹស្តីសន្តិភាពប្រជាធិបតេយ្យ[xv] ទៅអនុវត្តជាក់ស្តែង និងបានប្តេជ្ញាចិត្តដោយបើកចំហក្នុងការពង្រាយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ទីផ្សារបើកចំហ និងគុណតម្លៃសេរីដទៃទៀតនៅលើពិភពលោក ហើយក្នុងពេលនោះដែរ រក្សាជំហរឧត្តមភាពរបស់អាមេរិកនៅក្នុងសណ្តាប់ធ្នាប់ពិភពលោក ដោយសារគុណតម្លៃទាំងនេះមានសង្គតិភាពជាមួយយុទ្ធសាស្ត្រអនុត្តរភាពសេរី។[xvi]  ពួកគេគិតថា ការបង្កើតពិភពលោកដែលមានប្រជាធិបតេយ្យសេរី ជារូបមន្តមួយសម្រាប់សន្តិភាពអន្តរជាតិដែលមិនត្រឹមតែអាចលុបបំបាត់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកាត់បន្ថយបានយ៉ាងខ្លាំងនូវការរីកសាយអាវុធនុយក្លេអ៊ែរនិងភេរវកម្មផងដែរ។ ហើយចុងក្រោយ វាគឺជាមធ្យោបាយដ៏ល្អមួយក្នុងការការពារសេរីនិយមនៅក្នុងប្រទេសខ្លួន។

គេមើលឃើញថា បៃឌិនដែលមានអ្នកជំនាញនៅជុំវិញខ្លួន ហើយភាគច្រើនជាអ្នកធ្វើគោលនយោបាយការបរទេសអន្តរជាតិសេរីនិយម ដែលជាស្នូលនៃយុទ្ធសាស្ត្រព្រនុងធំអនុត្តរភាពសេរី នឹងផ្តោតមកកាន់អាស៊ីប៉ាស៊ីហ្វិកជារួម។ ភូមិសាស្ត្រនយោបាយតំបន់នឹងប្រែប្រួលខ្លាំង ដែលនឹងធ្វើឲ្យមានឡើងវិញនូវតក្កប្រជែងនយោបាយតុល្យភាពអំណាច និងការទប់ស្កាត់អំណាចគូប្រជែង។ ទាំងសហរដ្ឋអាមេរិក និងចិន គឺសុទ្ធសឹងជាតួអង្គសើរើនិយមដូចគ្នា។ ខណៈដែលអាមេរិកជាប្រទេសសើរើនិយមការពារ ចិនគឺប្រទេសសើរើនិយមវាយលុក។ អ្វីដែលគួរឱ្យកត់សម្គាល់ ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ទំនងជានឹងក្លាយជាអរិភាពកាន់តែខ្លាំងឡើងៗរវាងចិននិងសម្ព័ន្ធមិត្តនិងដៃគូររបស់សហរដ្ឋអាមេរិក ដូចជាជប៉ុននិងឥណ្ឌាជាដើម។ Rick Gladstone វិភាគថា ចិនជាបញ្ហាប្រឈមទីមួយសម្រាប់រដ្ឋបាលរបស់លោកចូ បៃ ឌិន ត្រូវដោះស្រាយ។[xvii] ដើម្បីទប់ស្កាត់ចិន អ្នកយុទ្ធសាស្ត្រអាមេរិក Timothy R. Heath និង William R. Thompson លើកឡើងថា សហរដ្ឋអាមេរិកគួរតែដាក់ចេញនូវទស្សនៈវិស័យដ៏គួរឱ្យទាក់ទាញសម្រាប់តំបន់ដែលគ្របដណ្តប់លើគុណតម្លៃសេដ្ឋកិច្ច សន្តិសុខ និងនយោបាយដែលខ្លួនបានកាន់កាប់យ៉ាងទូលំទូលាយហើយបន្តពង្រឹងជំហរការទូតនិងយោធារបស់ខ្លួននៅអាស៊ី។[xviii]

បន្ថែមពីលើនេះទៅទៀត លោកបែឌិន សន្យាថានឹងការពារប្រជាធិបតេយ្យទល់នឹងពួកអជ្ញានិយម និងលើកកម្ពស់ប្រជាធិបតេយ្យនៅអាមេរិកផង និងនៅក្រៅប្រទេសផង។ «ខ្ញុំនឹងអញ្ជើញមេដឹកនាំប្រជាធិបតេយ្យផ្សេងទៀតរបស់ខ្ញុំនៅជុំវិញពិភពលោកឱ្យពង្រឹងលទ្ធិប្រជាធិបតេយ្យឡើងវិញនៅលើរបៀបវារៈពិភពលោក»។[xix] គេជឿថា ការពង្រីកលទ្ធិប្រជាធិបតេយ្យសេរីនៅជុំវិញពិភពលោក ផ្តល់នូវការការយល់ដឹងដ៏ល្អចំពោះទស្សនៈវិស័យសីលធម៌និងយុទ្ធសាស្ត្រ។ សូមរំលឹកថា ការធ្វើវិស្វកម្មសង្គម (social engineering) ជាផ្នែកមួយនៃនយោបាយការបរទេសអនុត្តរភាពសេរី (liberal hegemony) ដើម្បីសុវត្ថិភាពក្នុងប្រទេសផង និងសម្រាប់សម្ព័ន្ធមិត្តផង។ ទាំងនេះរួមមាន ការបង្កើត​ «លំហ» អន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យសេរី, ការការពារសិទ្ធិនិងការគាំពារនៅក្នុងនិងរវាងប្រទេសនានា និងការធ្វើឱ្យមានតុល្យភាពរវាងគុណតម្លៃដែលបដិបក្សនឹងគ្នាដូចជាសេរីភាពនិងសមភាព ការបើកចំហរនិងសាមគ្គីភាពសង្គម​និងអធិបតេយ្យភាព និងការពឹងអាស្រ័យគ្នាទៅវិញទៅមក។ នយោបាយវិទូ John G.  Ikenberry បានអះអាងថា នៅក្នុងសតវត្សរ៍ទី២១ដែលត្រូវបានសម្គាល់ដោយការកើនឡើងនូវភាពអាស្រ័យគ្នាខាងសេដ្ឋកិច្ចនិងសន្តិសុខ, អន្ដរជាតិនិយមសេរីឬអនុត្តរភាពសេរី នៅតែជាគម្រោងដែលអាចសម្រេចបានបំផុតដើម្បីការពារលទ្ធិប្រជាធិបតេយ្យសេរី។[xx]

ទោះបីយ៉ាងនេះក្តី លោកស្រី Ana Palacio អតីតរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានលើកឡើងថា គេមិនអាចរំពឹងថាសណ្តាប់ធ្នាប់អន្តរជាតិសេរីនៃអតីតកាលនឹងវិលត្រលប់មកវិញនោះទេក្រោមរដ្ឋបាលចូ បៃឌិន។[xxi]  ទោះបីជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយអន្តរជាតិដ៏ឆ្នើម គឺលោក Stephen Walt បានរិះគន់នយោបាយអន្តរជាតិអនុត្តភាពសេរី[2] ថាមិនបានបម្រើផលប្រយោជន៍សហរដ្ឋអាមេរិកក៏ដោយ ក៏លោកបានទទួលស្គាល់ថា គោលនយោបាយនេះនៅតែអនុវត្តដោយសហរដ្ឋអាមេរិក ដោយសារតែពួកអ្នកនយោបាយជាន់ខ្ពស់របស់អាមេរិកដែលគាំទ្រវា នៅតែមានឥទ្ធិពល។[xxii]

ជារួម នយោបាយអនុត្តរភាពសេរី ដែលសហរដ្ឋអាមេរិកបានអនុវត្តចាប់តាំងពីក្រោយសង្គ្រាមត្រជាក់ដើម្បីពង្រីកគោលការប្រជាធិបតេយ្យសេរី ការគោរពសិទ្ធិមនុស្ស សិទ្ធិមិនអាចដកហូតបានជាមូលដ្ឋាន និងស្ថាប័នសេរីក្នុងគោលបំណងរក្សាភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក និងបម្រើផលប្រយោជន៍សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តសេរីរបស់ខ្លួន នៅតែជាគោលនយោបាយប្រកបដោយមហិច្ចតាគោលនយោបាយការបរទេសសម្រាប់អ្នកបង្កើតគោលនយោបាយជាន់ខ្ពស់របស់អាមេរិក ក្រោមរដ្ឋបាលប្រធានាធិបតីចូបៃឌិន៕

 

បញ្ជាក់៖ រាល់ការបញ្ចេញមតិនៅក្នុង​​អត្ថបទ​វិភា​គ​នេះ គឺ​ជា​ទស្សនៈ​​ផ្ទាល់​ខ្លួន​​របស់​ម្ចាស់អត្ថបទហើយមិនឆ្លុះបញ្ចាំងពីគោលជំហររបស់ BK Updates ឡើយ។​

——

[1] អ្វីដែលមិនអាចបដិសេធបាន ប្រសិនបើត្រាំជាប់ឆ្នោតជាថ្មីម្តងទៀត គោលនយោបាយ “អាមេរិកដំបូងគេ” នឹងនៅតែអនុវត្ត ហើយវានឹងធ្វើឱ្យអាមេរិកកាន់តែស្រុតចុះឥទ្ធិពលនិងកិត្យានុភាពលើពិភពលោក តែផ្តល់ប្រយោជន៍ដល់ការរះឡើងរបស់ចិន។

[2] Stephen Walt បានលើកឡើងថា យុទ្ធសាស្ត្រនៃអនុត្តរភាពសេរីដែលបន្តអនុវត្តដោយលោកគ្លីនតុន, ប៊ូស និងអូបាម៉ាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការរះឡើងរបស់ប្រទេសចិនក្នុងនាមជាដៃគូប្រកួតប្រជែងដ៏ស្រួចស្រាល់។

——-

[i] Hal Brands and Peter D. Feaver (2016), Should America Retrench? The Battle Over Offshore Balancing, assessed on November 16, 2020 : https://www.foreignaffairs.com/articles/should-america-retrench; Hal Brands (2020), To Compete With China, We Need the Liberal International Order, assessed on November 16, 2020: https://www.americanpurpose.com/articles/compete-china-liberal-international-order/

[ii] Stephen M. Walt (2020), The United States Forgot Its Strategy for Winning Cold Wars, assessed on November 16, 2020: https://foreignpolicy.com/2020/05/05/offshore-balancing-cold-war-china-us-grand-strategy/

[iii] John J. Mearsheimer (2018), The Great Delusion: Liberal Dreams and International Realities, Yale University Press

[iv] Larry Diamond (2020), Ill Winds: Saving Democracy from Russian Rage, Chinese Ambition, and American Complacency, Penguin Books

[v] Condoleezza Rice (2017), Democracy: Stories from the Long Road to Freedom, Twelve

[vi] Patrick, S. (November 2020). U.S. Foreign Policy Under A Biden Presidency. World Politics Review.

[vii] Samuel P. Huntington (1968), Political Order in Changing Societies, Yale University Press

[viii] G. John Ikenberry  (2020), A World Safe for Democracy: Liberal Internationalism and the Crises of Global Order, Yale University Press

[ix] Larry Diamond (2020), Ill Winds: Saving Democracy from Russian Rage, Chinese Ambition, and American Complacency, Penguin Books

[x] Joseph R. Biden, Why America Must Lead Again: Rescuing U.S. Foreign Policy After Trump, Foreign Affairs, assessed on November 16, 2020: https://www.foreignaffairs.com/articles/united-states/2020-01-23/why-america-must-lead-again

[xi]  Ana Palacio​​(Oct 21, 2020), A Modest Hope for the Post-Trump World Order, Project Syndicate, assessed on November 15, 2020: https://www.project-syndicate.org/commentary/us-election-world-order-international-relations-by-ana-palacio-2020-10

 

[xii] Josef Joffe (2020), Back to Liberal American Hegemony, assessed on November 15, 2020: https://www.project-syndicate.org/commentary/biden-implications-for-international-order-us-alliances-by-josef-joffe-2020-11

[xiii] Joseph S. Nye, Jr. (2020), International Institutions Still Matter to the US, assessed on November 15, 2020: https://www.project-syndicate.org/commentary/international-institutions-crucial-for-us-global-power-by-joseph-s-nye-2020-11?a_la=english&a_d=5fa90a735ab6944e8849e667&a_m=&a_a=click&a_s=&a_p=%2Farchive&a_li=international-institutions-crucial-for-us-global-power-by-joseph-s-nye-2020-11&a_pa=archive-results&a_ps=&a_ms=&a_r=

[xiv] Patrick, S. (November 2020). U.S. Foreign Policy Under A Biden Presidency. World Politics Review.

[xv] Akan Malici and Elizabeth S. Smith, How​ Do We Get a Science of Politics in Akan Malici and Elizabeth S. Smith (2020), Political Science Research in Practice, Routledge

[xvi] Stephen M. Walt (2018),The Hell of Good Intentions: America’s Foreign Policy Elite and the Decline of U.S. Primacy, Farrar, Straus and Giroux

[xvii] Rick Gladstone (2020), Biden to Face Long List of Foreign Challenges, With China No. 1, assessed on November 15, 2020: https://www.nytimes.com/2020/11/07/world/americas/Biden-foreign-policy.html

[xviii] TY – JOUR T1 – Avoiding U.S.-China Competition Is Futile: Why the Best Option Is to Manage Strategic Rivalry A1 – Heath, Timothy R. A1 – Thompson, William R. JF – Asia Policy VL – 25 IS – 2 SP – 91 EP – 119 PY – 2018 PB – National Bureau of Asian Research SN – 1559-2960 UR – https://muse.jhu.edu/article/693206 N1 – Volume 13, Number 2, April 2018 ER –

[xix] Joseph R. Biden, Why America Must Lead Again: Rescuing U.S. Foreign Policy After Trump, Foreign Affairs, assessed on November 16, 2020: https://www.foreignaffairs.com/articles/united-states/2020-01-23/why-america-must-lead-again

[xx] G. John Ikenberry  (2020), A World Safe for Democracy: Liberal Internationalism and the Crises of Global Order, Yale University Press

[xxi] Ana Palacio​​(Oct 21, 2020), A Modest Hope for the Post-Trump World Order, Project Syndicate, assessed on November 15, 2020: https://www.project-syndicate.org/commentary/us-election-world-order-international-relations-by-ana-palacio-2020-10

[xxii] Stephen M. Walt (2018),The Hell of Good Intentions: America’s Foreign Policy Elite and the Decline of U.S. Primacy, Farrar, Straus and Giroux; Stephen M. Walt​ (September 22, 2020), Is the Blob Really Blameless?, Foreign Policy, Assessed on November 16, 2020: https://foreignpolicy.com/2020/09/22/walt-gavin-liberalism-foreign-policy-blob-really-blameless/